ពិធីចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងភាពជាដៃគូរវាងសហគ្រាសផលិតឱសថ PPM និងក្រុមហ៊ុន DKSH (Cambodia) Ltd.

នៅ​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាសផលិតឱសថ PPM និងលោក Sandeep Tewari នាយកគ្រប់គ្រងផ្នែកផលិតផលថែរក្សាសុខភាពប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន DKSH (Cambodia) Ltd.​ ​ចុះហត្ថលេខា​រួម​គ្នា​ក្នុង​ការ​បន្តកិច្ច​ព្រម​ព្រៀង ភាព​​ជាដៃគូពាណិជ្ជកម្ម​រយៈ៥ឆ្នាំ​បន្ត​ទៀត នៅទីស្នាក់ការកណ្តាលរបស់​សហគ្រាសផលិតឱសថ PPM នៅ​សង្កាត់​ចោមចៅ​ រាជធានីភ្នំពេញ។​
ពិធីចុះហត្ថលេខានា​ថ្ងៃ​នេះជាសក្ខីកម្មមួយ​យ៉ាង​សំខាន់​បំផុត ដែល​បាន​បង្ហាញឲ្យ​ឃើញពីទំនុកចិត្ត និងការពេញចិត្តគ្នាទៅ​វិញ​ទៅមក​ ចំពោះទំនាក់ទំនងភាពជាដៃគូនាពេលកន្លងមក ដែលបាន​ចាប់ផ្តើមតាំងពីឆ្នាំ២០១៧ រហូតមកទល់នឹង​បច្ចុប្បន្ន។ ក្នុង​រយៈពេល​៥ឆ្នាំកន្លង​មក​នេះ ក្នុង​ភាពជា​ដៃគូល្អ ទាំងសហគ្រាសផលិត

​ឱសថប៉េប៉េអឹម ទាំង​ក្រុមហ៊ុន​ចែក​ចាយ​ DKSH ទទួលបាននូវ​ការរីក​លូតលាស់គួរឲ្យ​កត់សម្គាល់ជារៀងរាល់ឆ្នាំដូច​គ្នា។

លោកឧកញ៉ា​ឱសថបណ្ឌិត ​ហៃ លីអ៊ាង​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​ប៉េប៉េអឹម​បានបង្ហាញនូវ​ ​ភាពសប្បាយរិករាយ​ក្នុង​ចិត្ត​ដោយ​សារ​តែកិច្ច​សហប្រតិបត្តិការ​រវាង​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម និង​ក្រុមហ៊ុន​ DKSH ​មានកិច្ច​សហការគ្នាបាន​យ៉ាងរលូន​ល្អ និង​នាំមក​នូវ​ភាព​ជោគ​ជ័យ​ជា​ច្រើន និង​​ទទួល​បាន​ផ្លែផ្កាទាំងអស់​គ្នា។

 លោកឧកញ៉ា​ឱសថបណ្ឌិតបានបញ្ជាក់​បន្ថែម​ថា៖ «រយៈពេ​ល​៥ឆ្នាំ​នៃ​ការ​សហការ​រវាងប៉េប៉េអឹម​ និង​ DKSH វាហាក់ដូចត្រឹម​​តែមួយ​ពព្រិច​ភ្នែក គឺពេលវេលាទៅមុខ​លឿនណាស់​​។ យើង​សង្កេតឃើញ​ថា ទំនាក់​ទំង​ជាមួយ​ DKSH គឺ​ជា​ទំនាក់ទំនង​ដៃគូដ៏​ល្អ ពីព្រោះ​ថា អ្វី​ដែល​យើង​​ត្រូវ​ការ DKSH  គាត់​មាន​ ហើយ​អ្វី​ដែល​ DKSH ត្រូវ​ការ​យើងក៏​មាន​។​​ នេះជា​កិច្ចសហប្រតិបត្តិការ​មួយ​ដែលនាំមក​នូវ​ភាព​​ចំណេញ​ទៅវិញ​ទៅមក»។​

លោក Sandeep Tewari នាយកគ្រប់គ្រងផ្នែកផលិតផលថែរក្សាសុខភាពប្រចាំប្រទេសកម្ពុជា និងឡាវ នៃក្រុមហ៊ុន DKSH (Cambodia) Ltd. ​បាន​មាន​ប្រសាសន៍​ថា លោក​​ពិត​ជាមាន​មោទនភាពណាស់​ដែល​ត្រូវ​បាន​ទទួល​ការ​ទុក​ចិត្ត​ធ្វើ​ជា​ដៃគូ​ជា​មួយ​សហគ្រាស​ផលិត​ឱសថប៉េប៉េអឹម។​

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់ថា៖ «ក្រុមហ៊ុន DKSH ពិតជាមានមោទនភាពដែលបានចាប់ដៃគូជាមួយសហគ្រាសផលិតឱសថប៉េប៉េអឹម​ ដែលជាសហគ្រាស​ផលិត​ឱសថធំជាង​គេ​លំដាប់​លេខ១​ក្នុងប្រទេសកម្ពុជា។ ការចុះកិច្ច​ព្រមព្រៀង​បន្តនៅ​ថ្ងៃ​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ក្រុមហ៊ុន DKSH អាច​បង្កើត​នូវ​បទពិសោធ​ដ៏​ល្អ​ និង​ទទួល​បាន​ភាព​ទុក​ចិត្ត​ពី​អតិថិជន​ក្នុង​ការ​ពង្រីក​ទៅ​ផ្នែក​ផ្សេងៗទៀតនៃ​ក្រុម​ផលិត​ផល ហើយ​ភាព​ជា​ដៃ​គូនេះ​ ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ក្នុងការ​នាំមក​នូ​វ​ផលិត​ផល​ដែល​មាន​គុណភាពខ្ពស់​ទៅដល់ដៃ​​ប្រជា​ពលរដ្ឋ ដែល​ស្រប​ទៅ​​នឹង​គោល​បំណង​របស់​ក្រុមហ៊ុន DKSH ក្នុង​ការ​ជួយដល់​​ប្រជាពលរដ្ឋមាន​សុខុមាលភាព​កាន់តែមាន​ប្រសើរ»។​ 

សូម​រំឭកថា ទាំងសហគ្រាសផលិតផលឱសថ PPM និងក្រុមហ៊ុន DKSH (Cambodia) Ltd. សុទ្ធតែជាតួអង្គសំខាន់ៗនៅក្នុងវិស័យឱសថ ដោយ PPM គឺជាសហគ្រាសផលិតឱសថដំបូងគេ និងធំជាងគេ នៅក្នុង
ព្រះរាជាណាចក្រកម្ពុជា ហើយគ្រប់​ផលិតផល PPM ត្រូវបានទទួលស្គាល់ទាំងគុណភាព និង​សុវត្ថិភាព
ដែលធ្វើ​ឲ្យ​ PPM មាន​សមត្ថភាព​នាំចេញផលិត​ផលឱសថ​របស់​ខ្លួន​ទៅកាន់ទីផ្សារ​អន្តរជាតិ​ជាង ២០ប្រទេស នៅ​ទ្វីប​អាហ្រ្វីក និង​អាស៊ីអាគ្នេយ៍។

ដោយឡែក ក្រុមហ៊ុន DKSH ជាក្រុមហ៊ុនស្វីសដែលបានចាក់ឫសយ៉ាងមាំនៅតំបន់អាស៊ីជាង ១៥០ឆ្នាំមកហើយក្នុងការផ្តល់នូវភាពរីកចម្រើនដល់ក្រុមហ៊ុនជាដៃគូអាជីវកម្មជាច្រើននៅក្នុងតំបន់អាស៊ី និងបណ្តាប្រទេស ផ្សេងៗទៀតនៅលើពិភពលោក។ សម្រាប់នៅប្រទេសកម្ពុជា DKSH មានវត្តមានចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៥០ និងសព្វថ្ងៃនេះគឺជា ក្រុមហ៊ុនផ្តល់សេវាកម្មពង្រីកទីផ្សារផ្នែកថែរក្សាសុខភាពដ៏ធំបំផុតមួយនៅក្នុងប្រទេស៕

 

Back to blog